ចាប់ខ្លួនជនជាតិថៃ ៦នាក់និងចិន ២នាក់ ដែលបម្រុងឆ្លង ដែនចូលមកកម្ពុជា

(ប្រទេសថៃ)៖ ចាប់ខ្លួនជនជាតិថៃ ៦ នាក់ និងចិន ២ នាក់ ដែលបម្រុងឆ្លងដែន ចូលមកកម្ពុជា ក្នុងទិសដៅទៅធ្វើការ នៅក្រុងភ្នំពេញ ជនជាតិថៃ ៦ នាក់ និងចិន ២ នាក់ ត្រូវបានកម្លាំងទាហានថៃ ឃាត់ខ្លួនក្បែខ្សែបន្ទាត់ ព្រំដែនកម្ពុជា ខណៈដែលពួកគេទាំង៨នាក់ ត្រៀមលបឆ្លងដែន ចូលមកកម្ពុជា ដើម្បីទៅធ្វើការ នៅក្នុងទីក្រុងភ្នំពេញ។

ការឃាត់ខ្លួននេះ គឺបានធ្វើឡើងកាល ពីវេលាម៉ោង១ និង ៤៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១ ដោយកម្លាំងទាហាន ឈុតខ្មៅថៃក្នុង កងរយលេខ៤ និងកម្លាំងតម្រួត ព្រំដែនថៃ លេខ១២ ឃាត់ត្រង់ចំណុចភូមិ១ ឃុំណូនម៉ាកម៉ុន ស្រុកគោកខ្យូង ខេត្តស្រះកែវ ។

ពួកគេទាំង៨នាក់ គឺមានថៃ ៦ នាក់ មកពីខេត្ត មួយចំនួនដូចជា ខេត្តឆ័យណាត ខេត្តប៉ាធុំថានី ខេត្តស៊ីសាកេត និងខេត្តអ៊ុដនថានី ចំណែកជន ជាតិចិន២នាក់ មកពីស្រុក ហឺឡាន និងស្រុក ហ្វូជៀន។

ក្រោយការឃាត់ខ្លួន ពួកគេបានសារភាពថា បានជិះរថយន្តមកចុះ នៅក្នុងស្រុកអារញ្ញប្រាថេត រួចមករថយន្តនីសាន់ចំនួន២គ្រឿងមកដឹកបន្តទៅទំលាក់នៅខាងក្រោយភូមិណូនម៉ាកម៉ុន ដោយត្រូវរង់ចាំអោយជនជាតិខ្មែរ មកទទួលយកដើម្បីបន្ត ដំណើរឆ្លងដែនចូលទៅកម្ពុជា តែក៏ត្រូវឃាត់ខ្លួនតែម្តង។

ទិសដៅពួកគេទាំង៨នាក់ គឺទៅបម្រើការងារ ជាបុគ្គលិកក្រុមហ៊ុនល្បែង ភ្នាល់តាមអនឡាញ មួយកន្លែងក្នុងទីក្រុងភ្នំពេញ ដោយនៅទីនោះក្រុម ហ៊ុនធានារ៉ាប់រងទាំងអស់ ទាំងការធ្វើដំណើរ ការស្នាក់នៅ និងការហូបចុកជាដើម ។

ក្រោយពីការឃាត់ខ្លួន ពួកគេទាំងអស់ត្រូវ បានបញ្ជូនទៅកាន់ អធិការដ្ឋានតម្រួត ស្រុកគោលខ្យូង ដើម្បីចាត់ការតាម នីតិវិធីច្បាប់ ៕ ដោយលោក មួន រិទ្ធីយ៉ា(ហៅ៩៥)