ពលករខ្មែរ ៤៨ នាក់ ខំចាយលុយអោយមេខ្យល់ បម្រុងឆ្លងដែនទៅបេះផ្លែមៀននៅខេត្តច័ន្ទបុរី ត្រូវទាហានថៃចាប់ខ្លួន

(ប្រទេសថៃ)៖ ពលករខ្មែរចំនួន ៤៨ នាក់ ដែលបានបង់ លុយអោយមេខ្យល់ មុនអស់មួយចំនួន ដើម្បីបានឆ្លងដែន ចូលទៅធ្វើការ នៅតាមចំការក្នុងទឹកដីថៃ ត្រូវបានទាហាន ថៃឃាត់ខ្លួន ខណ:ដែលពួកគេ ខំប្រឹងលបឆ្លងដែន តាមច្រករបៀង តាំងពីយប់ងងឹត។ ការឃាត់ខ្លួនពលករ ខ្មែរទាំង ៤៨ នាក់ នេះ គឺកម្លាំងទាហាន ឈុតខ្មៅ ក្នុងកងរយលេខ ៥៤១ និង ៥៤៦ ដែលជាកម្លាំង ការពារព្រំដែន ខណ:ដែលពលករខ្មែរទាំង អស់កំពុងធ្វើដំណើរ នៅក្នុងចំការមៀន ស្ថិតក្នុងភូមិ៤ ឃុំក្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី។

ពលករទាំង៤៨នាក់ គឺមានប្រុស ១៨ នាក់ ស្រី ២៣ នាក់ និង ក្មេង ៧ នាក់ ដោយពួកគេ បានសារភាពថា ការធ្វើដំណើរចូល មករកការងារធ្វើនេះ ត្រូវចំណាយអោយ មេខ្យល់ក្នុងម្នាក់ ៤.៥០០បាត ដោយគ្រាន់តែជូនដល់ មាត់អូរព្រំដែនតែប៉ុណ្ណោះ តែត្រូវបង់អោយគេមុនម្នាក់ ១.០០០បាត ដោយក្នុងទិសដៅ ទៅបេះផ្លែមានតាម ចំការក្នុងស្រុក ពោងណាំរ៉ន និងស្រុក សយដាវ ក្នុងភូមិសាស្ត្រ ខេត្តច័ន្ទបុរី តែក៏ត្រូវចាប់ខ្លួនតែម្តង។

ក្នុងការឃាត់ខ្លួន ពលករទាំងអស់បាន បង្ហាញនូវប័ណ្ណចាក់វ៉ាក់សាំង ការពារជំងឺកូវីសដ-១៩ គ្រប់ៗគ្នា  ដោយភាគីថៃបាន កោតសរសើរដល់ កម្ពុជាដែលចាក់ វ៉ាក់សាំងដល់ពល រដ្ឋឥតគិតថ្លៃ។ នៅពេលនោះ ដែរភាគីថៃបាន ប្រគល់ពលករទាំង អស់មកអោយភាគីកម្ពុជាវិញ ដើម្បីធ្វើចត្តាឡីស័ក ទៅតាមកម្រិត៕  ដោយលោក មួនរិទ្ធីយ៉ា (ហៅ អ្នកប្រម៉ាញ់ ជាយដែន(៩៥)