កិច្ចប្រជុំត្រួតពិនិត្យ ដើម្បីបើកសាលារៀន ឲ្យដំណើរការឡើងវិញ ក្នុងភូមិសាស្ត្រ ខេត្តកំពត

(ខេត្តកំពត)៖ កាលពីរសៀល ថ្ងៃអង្គារ១កើត ខែភទ្របទឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ យោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា រដ្ឋបាលខេត្តកំពត ដឹកនាំដោយ ឯកឧត្តម ជាវ តាយ  អភិបាលនៃ គណៈអភិបាលខេត្ត បានបើកកិច្ចប្រជុំ ត្រួតពិនិត្យដើម្បី បើកសាលារៀនឲ្យ ដំណើរការឡើងវិញ ក្នុងភូមិសាស្ត្រខេត្តកំពត ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ប្រធានមន្ទីរសុខាភិបាល កងកំលាំងទាំងបីប្រភេទ អភិបាលក្រុងស្រុក នាយកទីចាត់ការ សាលាខេត្ត សរុប២៥រូប។

ឯកឧត្តម អភិបាលខេត្ត បានផ្តល់អនុសាសន៍ និងការបូកសរុប លទ្ធផលកិច្ចប្រជុំ៖ ១.ស្នើមន្ទីរអប់រំ យុវជននិងកីឡាខេត្ត ត្រូវវាយតម្លៃអំពី សាលាដែលត្រូវបើក ដំណើរការឡើងវិញ ឲ្យបានច្បាស់លាស់ ក្នុងការធានាកុំ ឲ្យមានបញ្ហាប្រឈម ឬហានិភ័យកើតឡើង ដោយត្រូវយក សេចក្តីណែនាំលេខ ៤៦របស់ក្រសួងអប់រំយុវជន និងកីឡា ទៅអនុវត្តឲ្យបានហ្មត់ចត់។ ២. លោក លោកស្រី អភិបាលស្រុក ក្រុងត្រូវវាយតម្លៃអំពី ស្ថានភាពជំងឺកូវីដ-១៩ ឲ្យបានច្បាស់លាស់ក្នុង ការលើកសំណើបើក សាលាឡើងវិញទៅ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ ព្រមទាំងត្រូវជំរុញឲ្យមាន ការសំអាតសាលារៀន ឲ្យបានគ្រប់សាលា ទាំងអស់។ ៣. ក្រុង ស្រុក ត្រូវជំរុញការផ្សព្វផ្សាយ ឲ្យកុមារអាយុចាប់ ពី១២ឆ្នាំ ដល់ ១៧ឆ្នាំ មកចាក់វាក់សាំងជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា ហើយត្រូវរៀប ចំស្ថិតិនៃការចាក់ វាក់សាំងឲ្យបានច្បាស់លាស់។ ៤. មណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ នៅតាមបណ្តាក្រុង ស្រុក ដែលកំពុងដំណើរការ សូមរក្សាសិន រង់ចាំពិនិត្យឡើងវិញ នៅពេលក្រោយបន្តទៀត។ ៥. សូមពន្លឿនធ្វើផែនការបើកសាលាឡើងវិញឲ្យបានលឿន។

ឯកឧត្តម អភិបាលខេត្ត នឹងដឹកនាំកិច្ចប្រជុំលើកទី២ ម្តងទៀត ដើម្បីត្រួតពិនិត្យលើ លទ្ធផលនៃការងារនេះ៕ ដោយលោក សេង ណារិទ្ធ